ជា ច្រើនឆ្នាំកន្លងមកនេះ មេដឹកនាំប្រទេសមហាអំណាចធំៗនៅក្នុងពិភពលោក ច្រើនប្រើទូរស័ព្ទម៉ាក BlackBerry សម្រាប់ទទួលការហៅចូល និងហៅចេញ ការទទួលនិងផ្ញើសារ និងអ៊ីម៉ែល សូម្បីតែប្រធានាធិបតីអាមេរិក លោកបារ៉ាក់អូបាម៉ា ក៏កំពុងប្រើទូរស័ព្ទម៉ាកនេះដែរ។ ខាងក្រោមនេះជាប្រភេទទូរស័ព្ទដែលថ្នាក់ដឹកនាំសំខាន់ៗកំពុងប្រើ មានសេចក្ដីដូចតទៅ។
១- លោកបារ៉ាក់អូបាម៉ា ប្រធានាធិបតីសហរដ្ឋអាមេរិក (ប្រើទូរស័ព្ទម៉ាក BlackBerry)
ពេលឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិកកាលពីឆ្នាំ២០០៩ លោកបារ៉ាក់អូបាម៉ាត្រូវការប្រើប្រាស់ទូរស័ព្ទសំណព្វចិត្តរបស់លោក ម៉ាក BlackBerry ទោះបីមន្ត្រីក្នុងសេតវិមានផ្ដល់យោបល់ជូនលោកថា គួរកុំប្រើទូរស័ព្ទដៃផ្ទាល់ខ្លួនធ្វើអ្វីល្អជាង ព្រោះអាចត្រូវគេលបស្ដាប់។ ទូរស័ព្ទរបស់លោកត្រូវបានបញ្ចូលលេខសម្ងាត់ និងកម្មវិធីពិសេសៗ ដើម្បីការពារប្រព័ន្ធទាក់ទងរបស់លោកអូបាម៉ា ហើយមានតែមន្ត្រីសំខាន់ៗបំផុតនៅសេតវិមានប៉ុណ្ណោះ ដែលដឹងលេខសម្ងាត់របស់លោកហើយអាចទាក់ទងជាមួយលោកតាមអ៊ីម៉ែល។
...តើ CEO បច្ចេកវិទ្យាល្បីៗដូចជា Zuckerberg, Bill Gate, Tim Cook, Larry Page ប្រើទូរស័ព្ទម៉ាកអ្វី?...
២- លោកស្រីអេងហ្កេឡាមើកែល (Angela Merkel) អធិការបតីអាល្លឺម៉ង់ (ប្រើទូរស័ព្ទម៉ាក Nokia 6260 និង BlackBerry)
ទូរស័ព្ទរបស់លោកស្រី Merkel ល្បីខ្ទរខ្ទារលើឆាកអន្តរជាតិ បន្ទាប់ពីបែកធ្លាយព័ត៌មានថាភ្នាក់ងារចារកម្មរបស់សហរដ្ឋអាមេរិក (NSA) បានលួចស្ដាប់លោកស្រីនិយាយគ្នាតាមទូរស័ព្ទ។ លោកស្រីប្រើទូរស័ព្ទដៃចំនួនពីរគ្រឿង គឺមួយគ្រឿងម៉ាក Nokia 6260 (touch screen) ដែលក្រុម NSA លួចស្ដាប់ និងមួយគ្រឿងទៀតម៉ាក BlackBerry Z10 សម្រាប់ភ្ជាប់ទំនាក់ទំនងជាមួយមន្ត្រីជាន់ខ្ពស់ក្នុងជួរ រដ្ឋាភិបាល។
៣- លោកវ្ល៉ាឌីមៀពូទីន (Vladimir Putin) ប្រធានាធិបតីរុស្ស៊ី
លោកពូទីន ឲ្យដឹងថាលោកគ្មានទូរស័ព្ទដៃប្រើនឹងគេទេ ព្រោះប្រសិនបើលោកមាន ទូរស័ព្ទរោទ៍គ្រប់វិនាទី រកពេលដេកពួនមិនបានទេ ម៉្លោះហើយសុខចិត្តគ្មានល្អជាង។ ក្រៅមិនប្រើទូរស័ព្ទដៃ លោកក៏មិនប្រើសារអេឡិកត្រូនិក (Email) ឬអ៊ីនធើណិតដែរ ហើយវិធីភ្ជាប់ទំនាក់ទំនងទៅខាងក្រៅគឺតាមរយៈភ្នាក់ងារចារកម្ម បញ្ជូនរបាយការណ៍ជូនលោក។ ផ្ទុយពីនេះ នាយករដ្ឋមន្ត្រីរុស្ស៊ីរុស្ស៊ី លោកម៉ែតវ៉េដេវ (Medvedev) ប្រើទូរស័ព្ទម៉ាក Iphone 4 ដែលលោកប្រើមុនគេបង្អស់ក្នុងពិភពលោក ពេលលោកស្ទីវចប (Steve Job) ជូនលោកជាកាដូនៅ Cilicon Valley។ តាមពិត លោកពូទីនមានទូរស័ព្ទច្រើនគ្រឿង ប៉ុន្តែលោកមិនប្រាប់លេខទៅអ្នកដទៃ និងមិនប្រើសម្រាប់ភ្ជាប់ទំនាក់ទំនងជាមួយអ្នកណាទាំងអស់។
...អ្នកនយោបាយមានជាងគេបំផុតទាំង៨រូបនៅលើពិភពលោក...
៤- លោកហ្វ្រង់ស្វ័រហូឡង់ (François Hollande) ប្រធានាធិបតីបារាំង
ទូរស័ព្ទម៉ាក Iphon 5S ជាទ្រព្យសំណព្វចិត្តរបស់លោកហូឡង់ ហើយលោកទៅណាមកណា ក៏មិនដែលភ្លេចយកទូរស័ព្ទ Iphone 5S យកតាមខ្លួនសោះឡើយ។ លោកប្រើទូរស័ព្ទនេះសម្រាប់ការទំនាក់ទំនងឯកជន។ ដោយឡែក អតីតប្រធានាធិបតីបារាំង លោកសាកូហ្ស៊ី (Nicolas Sarkozy) ប្រើទូរស័ព្ទម៉ាក Teorem និង BlackBerry។
៥- លោកគីមជុងអ៊ុន ប្រធានាធិបតីកូរ៉េខាងជើង
លោកគីមប្រើទូរស័ព្ទម៉ាក HTC របស់តៃវ៉ាន់។ សារព័ត៌មានកូរ៉េខាងត្បូងចុះផ្សាយថាលោកគីមជុងអ៊ុនប្រើទូរស័ព្ទដៃ ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយក្រុមគ្រួសារលោក និងមន្ត្រីក្នុងជួរ «បក្សពលករកូរ៉េ»។ នៅកូរ៉េខាងជើង ក្នុងចំណោមប្រជាពលរដ្ឋទាំងជាង ២៥ លាននាក់ មាន២លាននាក់មានទូរស័ព្ទដៃប្រើ។ ទូរស័ព្ទដៃត្រូវបានអនុញ្ញាតឲ្យប្រើសម្រាប់តែមន្ត្រីរដ្ឋាភិបាល ពួកអ្នកមានទ្រព្យសម្បត្តិស្ដុកស្ដម្ភនៅទីក្រុងព្យុងយ៉ាង និងអ្នករកស៊ីដែលត្រូវការទាក់ទងទៅប្រទេសចិន។ ទូរស័ព្ទដៃមិនអាចភ្ជាប់អ៊ីនធើណិតបានទេ គឺបានតែតេហៅ និងផ្ញើសារនៅក្នុងប្រទេស។
...នាយករដ្ឋមន្ត្រី១០រូបមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតក្នុងលោក...
៦- លោក Matteo Renzi នាយករដ្ឋមន្ត្រីអ៊ីតាលី
លោក Matteo Renzi ប្រើទូរស័ព្ទ Iphone របស់ក្រុមហ៊ុន Apple ហើយមិនត្រឹមតែទូរស័ព្ទដៃមួយមុខប៉ុណ្ណោះទេ អ្វីក៏ដោយឲ្យតែជាផលិតផលរបស់ Apple សុទ្ធតែជាទ្រព្យសំណព្វចិត្តរបស់លោកទាំងអស់៕
ប្រភព៖ The Guardian
No comments:
Post a Comment